ភ្នំពេញ
នៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ និង ០៥-០៦ តុលា ឆ្នាំ២០២៤ គម្រោងយូតអ៊ីចណៃ (Youth Ignite) របស់អង្គការ VBNK បានផ្តល់វគ្គបណ្តុះបណ្តាលវគ្គទី៣ស្តីពី៖ “ របៀបកែលំអជំនាញប្រើប្រាស់បណ្តាញសង្គម និងប្រើប្រាស់បណ្តាញសង្គមសម្រាប់លើកកម្ពស់ការចូលរួមនិងបរិយាបន្នសង្គម” នៅសណ្ឋាគារពូឡូវ៉ៃ ដោយមានការចូលរួមពីយុវជនដែលជាសិក្ខាកាមក្រុមទី១និងក្រុម២ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក USAID តាមរយៈកម្មវិធីជម្រុញភាពជាអ្នកដឹកនាំរបស់យុវជន សម្រាប់ការអនុវត្តសកម្មភាពគម្រោងស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន នៅរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាយុវជនចូលរួមចំនួន ៤៨នាក់និងអង្គ ក្នុងនោះមានស្រ្តី៣១នាក់ ព្រះសង្ឍ១អង្គ ជនជាតិដើម៤នាក់ ខ្មែរឥស្លាម៩នាក់ និងក្រុមស្រលាញ់ភេទដូចគ្នានិងស្រីស្រស់ចំនួន៣នាក់។
គោលបណំងនៃសិក្ខាសាលា៖
នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងអាច៖
បង្កើនចំណេះដឹង និងជំនាញរបស់សិក្ខាកាមទៅលើការគ្រប់គ្រង និងបង្កើតទំព័រហេ្វសបុក រួមទាំងការដាក់បញ្ចូលព័ត៌មានសំខាន់ៗនិងយល់ដឹងពីរបៀបចូលរួមជាមួយទស្សនិកជនប្រកបដោយប្រសិទ្ធភាព។
បង្កើនការយល់ដឹងជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្សព្វផ្សាយសង្គមដោយផ្តោតលើមុខងារជាមូលដ្ឋាន និងការប្រើប្រាស់មាតិកាដែលមើលឃើញ ដើម្បីបង្កើនការចូលរួម និងការប្រាស្រ័យទាក់ទង់ ប្រកបដោយប្រសិទ្ធភាព។
ស្វែងយល់ពីសារៈសំខាន់នៃការការពារទិន្នន័យផ្ទាល់ខ្លួន និងឯកជនភាពលើប្រព័ន្ធអនឡាញ និងសិក្សាពីជំហានការពារព័ត៌មាលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេហទំព័រ និងវេទិកាឌីជីថល ផ្សេងទៀត។
បង្កើនចំណេះដឹង និងជំនាញរបស់សិក្ខាកាមទៅលើការការពារឧបករណ៍របស់ពួកគេ (កុំព្យូទ័រ ស្មាតហ្វូន ថេប្លេត) ពីការគំរាមកំហែងផ្នែកសុវត្ថិភាព និងដើម្បីរក្សានូវសុវត្ថិភាពនៅក្នុងប្រព័ន្ធ ឌីជីថល។
ស្វែងយល់អំពីឧបករណ៍ទំនាក់ទំនងឌីជីថលផ្សេងៗ ដោយអាចធ្វើការរៀបចំ ចូលរួម និង គ្រប់គ្រងការប្រជុំ ឬការជជែកជាក្រុម ព្រមទាំងការយល់ដឹងអំពីការប្រើប្រាស់ដ៏សមស្របនៃ វេទិកានីមួយៗក្នុងបរិបទផ្សេងៗគ្នា។
យល់ដឹងអំពីរបៀបក្នុងការផ្ទៀងផ្ទាត់ប្រភពនៃមាតិកាឌីជីថល ពិនិត្យមើលភាពជឿជាក់នៃព័ត៌មាន លើប្រព័ន្ធអនឡាញ ដើម្បីជៀសវាងព័ត៌មានមិនពិត។